តើអ្នកដឹងទេហេតុអ្វីបានជាលើសំបកវេចខ្ចប់ផលិតផលនាំចេញមានសរសេរលើសពី២ភាសា?

តាម​ធម្មតា​ការ​លក់​ផលិតផល​គឺ​ទាក់ទង់​នឹង​ការ​វេចខ្ចប់​ជានិច្ច ដែល​តាម​បទ​ពិសោធន៍​ជាក់ស្តែង ការ​លក់​ផលិតផល​ទៅ​ទីផ្សារ​អន្តរជាតិ​គឺ​មាន​ការ​ជជែកគ្នា​ជាមុន​ទៅ​លើ​សំបក​វេចខ្ចប់ ដូចខាងក្រោម :

ទី១ : ករណីសំបកវេចខ្ចប់ជារបស់អតិថិជន

ករណីនេះ​ តំលៃ​នៃ​ការលក់​មិន​បូក​តំលៃ​សំបក​វេចខ្ចប់​ចូល​ទេ​ប្រសិន​បើ​អតិថិជន​ជា​អ្នក​ផ្តល់​សំបកវេចខ្ចប់​ គឺ​យើង​លក់​វត្ថុធាតុ​ដើម​តំលៃ​អាច​ប្រែប្រួល​តាម​ទំហំ​នៃ​ការ​វេចខ្ចប់ ដាក់​ក្នុង​ម៉ាក​របស់​អតិថិជន ហើយ​សំបក​វេចខ្ចប់​របស់​អតិថិជន​អាច​ជា​ម៉ាក​ដែល​មាន​កេរ្តិ៏​ឈ្មោះ​ស្រាប់​ រឺម៉ាក​ថ្មី ដែល​មានបរិយាយ​ជា​ភាសារ​ផ្សេងៗ តាមទិសដៅ​ទីផ្សារ​ នឹង​ប្រទេស​ដែល​នាំ​ចូល​ទៅ​លក់​នោះ​។​ ជា​ទូទៅលើ​សំបក​វេចខ្ចប់​អាច​មាន​ពី ៣ ទៅ ៥​ភាសា តាម​ទិសដៅ​នៃ​អតិថិជន​ដែល​គេ​បាន​កំនត់​។ ​ក្នុង​ករណី​នេះ​ហើយ​ដែល​នាំ​អោយ​បងប្អូន​មួយ​ចំនួន​នៅ​មិនយល់ ហើយ​តែង​លើក​សំនួរ​មក​ចោទ​សួរ ថា​ហេតុអ្វី​បាន​ជា​មាន​ភាសា​នេះ​ ភាសា​នោះ​នៅ​លើ​សំបក​វេចខ្ចប់​ផលិត​ផល​របស់​ប្រទេស​ខ្លួន​ជាដើម។​ បងប្អូន​សម្រៃ​មើល​ថា​បើ​លើ​សំបក​វេច​ខ្ចប់​ផលិតផល​មួយ​ ដែល​លក់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​តែ​ភាសា​ខ្លួនឯង តើ​ជាតិសាស្រ្ត​ផ្សេង​គេ​អាន​មិន​ដាច់​ផង​នោះ​នឹង​ទិញ​យើង​ដែរ​រឺ​ទេ​?  ការកម្មង់​របស់​អតិថិជន​គឺ​ជា​ទិសដៅ​ពាណិជ្ជកម្ម​ដែល​យើង​ជា​អ្នក​ផ្គត់ផ្គង់​ត្រូវ​ចាប់​យក​មក​អភិវឌ្ឍន៏​ខ្លួនយើង​ដែល​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​អោយ​កាន់​តែ​មាន​លទ្ធភាព​ប្រគួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ដ៏ទៃ។​ តែ​ចំណាំ​ថា​ទោះ​សំបក​វេចខ្ចប់​ជា​របស់​អតិថិជន​មក​ពី​ប្រទេស​ណា​ក៏​ដោយ លើ​នោះ​តែង​មានចំនុច​សម្គាល់​ប្រភព (Product of or Country of Origin) នៅ​ពី​ក្រោយ​ខ្នង​នៃ​សំបក​វិចខ្ចប់។

ទី២ : ករណីសំបកវេចខ្ចប់ជាម៉ាករបស់ក្រុមហ៊ុននាំចេញផ្ទាល់

ករណីនេះ ថ្លៃដើមនៃសំបកវេចខ្ចប់ត្រូវបានបូកបញ្ចូលទៅក្នុងតំលៃផលិតផល។ ឯភាសាលើសំបកវេចខ្ចប់ក៏ត្រូវមានលើសពី ២ភាសាដូចគ្នា ព្រោះគោលដៅនៃការបង្កើតម៉ាកផលិតផលគឺធ្វើឡើងមិនមែនដើម្បីលក់តែមួយកន្លែង រឺ មួយប្រទេសនោះទេ គឺត្រូវគិតពីភាសារបស់អតិថិជនគោលដៅអោយបានហ្មត់ចត់ ព្រោះការបោះពុម្ភសំបកវេចខ្ចប់គឺត្រូវចំណាយច្រើនគួរសម។
ហេតុនេះយើងត្រូវបើកការយល់ដឹងអោយទូលំទូលាយ។

ទី៣ : ករណីគេទិញតែវត្ដុធាតុដើម ធ្វើការវេចខ្ចប់ខ្លួនគេ

ករណីនេះផលិតផលត្រូវបានលក់ចេញដោយដាក់ចូលការុងធំៗ រឺចាក់ធា ចូលក្នុងទូកុងទីន័រដឹកទៅកាន់ប្រទេសដែលអ្នកទិញចូលយកទៅធ្វើការវេចខ្ចប់ចូលក្នុងម៉ាករបស់គេ។ ចំនែកឯការនាំចេញសុទ្ធតែត្រូវបានរត់ឯកសារស្របច្បាប់យ៉ាងតឹងរឹង នោះទើបប្រទេសភាគីអ្នកទិញទទួលយកចូលបាន។
នេះគ្រាន់តែជាចំនុចល្អិតៗជុំវិញការវេចខ្ចប់មួយក្នុងការធ្វើពាណិជ្ជកម្មក្រៅប្រទេសនៃផលិតផល រឺកសិផលក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិ ជាក់ស្តែងនៅមានចំនុចជាច្រើនទៀតដែលនឹងបន្តចែករំលែកតាមរយះអត្ថបទក្រោយៗ។

Leave a Reply

Your email address will not be published. Required fields are marked *